គន្លឺះជោគជ័យ


៧ចំណុចធានាថាជោគជ័យ!

មនុស្សគ្រប់រូបតែងតែស្រមៃថានឹងមានខ្សែជីវិតមួយពោរ
ពេញដោយភាពជោគជ័យ។តែក្ដីប្រាថ្នានេះបានសម្រេច
ភាគតិចណាស់។ហេតុផលទូទៅដោយសារតែពួកគេមិន
ដឹងច្បាស់ពីអ្វី ដែលខ្លួនត្រូវធ្វើ។ពេលខ្លះបានឈ្វេងយល់
ច្រើនពីភាពជោគជ័យទទួលនូវដំបូន្មានច្រើនដែរតែបែរជា
មិនដឹងថាគួរចាប់ផ្ដើមពីចំណុចណាមុនទៅវិញ។
ខាងក្រោមនេះជាផែនទីដែលជីវិតរបស់អ្នកគួរដើរតាម៖
១. កំណត់គោលដៅៈ វាជាជំហានចាប់ផ្ដើមដ៏សំខាន់ដែល
    អ្នកចាំបាច់ត្រូវតែដឹង។ ពេលកំណត់គោលដៅហើយ
    ឧទាហរណ៍ថាអ្នកចង់ក្លាយជាវិស្វករនាពេលអនាគត
    នោះអ្នកនឹងដឹងច្បាស់ហើយថាគួរខំរៀនមុខវិជ្ជាអ្វីជាង
    គេនៅវិទ្យាល័យ។
២. បង្កើតផែនការៈ ត្រូវរៀបចំផែនការឲ្យបានច្បាស់ចំពោះធនធានដែលខ្លួនមាន។ដឹងច្បាស់ពីអ្វីដែល
   ខ្លួនត្រូវធ្វើធ្វើបែបណា ធ្វើនៅពេលណាជាដើម។ ការរៀបចំផែនការបានច្បាស់នឹងជួយឲ្យការអនុវត្តន៍
   ការងាររលូន និងទាន់ពេលវេលា។
៣. ចេះគ្រប់គ្រងពេលវេលាៈ សូមបែងចែកឲ្យដាច់រវាងម៉ោងធ្វើការនិងពេលផ្ទាល់ខ្លួន។ ម្យ៉ាងទៀតត្រូវ
    ដឹងច្បាស់ថាអ្វីជាកិច្ចការអាទិភាព(បន្ទាន់ហើយសំខាន់ បន្ទាន់តែមិនសំខាន់ សំខាន់តែមិនបន្ទាន់
    មិនសំខាន់និងមិនបន្ទាន់)។
៤. ទុកគោលដៅក្នុងខួរក្បាលរាល់ថ្ងៃៈ ដាក់វិន័យចំពោះខ្លួនឯងថារៀងរាល់ថ្ងៃត្រូវធ្វើអ្វីមួយដែលមាន
    ប្រយោជន៍ ចំពោះគោលដៅដែលបាន កំណត់ ទោះជាកិច្ចការតូចតាចពុំសូវសំខាន់ក៏ដោយ។ការ
    ដាក់វិន័យចំពោះខ្លួនឯងវាអាច នឹងពិបាកពីដំបូង តែអ្នកនឹងទទួលបាននូវទម្លាប់ដ៏នាពេលអនាគត។
៥. រៀនពីអ្នកជោគជ័យៈ ត្រូវឈ្វេងយល់បន្ថែមពីឥរិយាបថនិងការអនុវត្តន៍របស់បុគ្គលជោគជ័យមុនៗក្នុង
    លោក។ហើយយកចំណុចល្អៗមកអនុវត្តន៍ចំពោះជីវិតអ្នកឲ្យស្របទៅតាមស្ថាន ភាព។
៦. ពិនិត្យការអនុវត្តន៍ៈ ត្រូវតាមដានរាល់សកម្មភាពដែលខ្លួនបាននិងកំពុងតែធ្វើ ថាតើវាសមស្របទៅនឹង
    គោលដៅ ដែលបានកំណត់ដែលឬទេ? បំពេញរាល់ ចំណុចខ្វះខាត់និងកែសម្រួលឲ្យបានប្រសើរឡើង
    វិញ។
៧. ថែសុខភាពៈ ក្នុងន័យនេះ ចង់សំដៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ដើម្បីឲ្យទទួលបាននូវសុខភាព
    ល្អបុគ្គល គ្រប់រូបត្រូវគិតលើកត្តា សំខាន់៥គឺ ការហូបចុកឲ្យមានតុល្យភាព ហាត់ប្រាណឲ្យច្រើនគេង
    ឲ្យបានគ្រប់គ្រាន់ ដើរកម្សាន្ត និងតុល្យភាពរវាងការបញ្ចូលនិងបញ្ចេញ។

ធ្វើម៉េច បើឡើងនិយាយចេះតែភ័យ?

ការឡើងធ្វើបទបង្ហាញលើកដំបូងអាចជាការលំបាក និងមានការភិតភ័យសម្រាប់មនុស្សគ្រប់គ្នា គ្រាន់តែអ្នកខ្លះមានតិចនិងច្រើនប៉ុណ្ណោះ។
 មនុស្សមួយចំនួនទោះ បីជាអនុវត្តការធ្វើបទបង្ហាញច្រើនលើកច្រើនសារ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជម្នះការភ័យរបស់ខ្លួនបាន។
 អញ្ចឹង! តើត្រូវធ្វើដូចម្ដេចទៅ ទើបអាចយកឈ្នះបាន?Sabay សូមលើកយកនូវចំណុចមួយចំនួន ដែលអាចជួយប៉ះប៉ូវចំណុចខ្សោយរបស់អ្នក។
១. អនុវត្តមុនពេលធ្វើបទបង្ហាញឲ្យបានច្រើន ការហាត់និយាយម្នាក់ឯង អាចឲ្យអ្នកយល់កាន់តែច្បាស់ពីប្រធានបទ ដែលត្រូវធ្វើបទបង្ហាញ និងបង្កើនជំនឿចិត្តរបស់ខ្លួន។ ២. គេងឲ្យបានច្រើនតាមអាចធ្វើទៅបាន បើអ្នកមានពេលវេលាគ្រប់គ្រាន់មិនជាប់រវល់ការងារ អ្នកគួរតែសម្រាកឲ្យបាន៩ម៉ោង មួយថ្ងៃមុនការធ្វើបទបង្ហាញ។ ការសម្រាកបានគ្រប់គ្រាន់ជួយអ្នកមិនឲ្យងងុយ ឬអារម្មណ៍មិនមូលនៅពេលឡើងនិយាយ ហើយអ្នកនឹងមិនស្ងាបមុខអ្នកស្ដាប់។ ៣. ទៅកន្លែងដែលត្រូវធ្វើបទបង្ហាញមុនម៉ោង ការទៅមុនម៉ោងអាចឲ្យអ្នកមានឱកាសដើរជុំវិញ និងបានស្គាល់កន្លែងបានច្បាស់លាស់ និងមានអារម្មណ៍ថាកន្លែងនោះប្រៀបដូចជាផ្ទះរបស់អ្នកដែរ។ ៤. សរសេរចំណុចសំខាន់ៗដាក់ក្នុងក្រដាសតូចមួយ ធ្វើដូចនេះអាចធានាបានថាអ្នកនឹងមិនភ្លេចចំណុច សំខាន់ៗដែលអ្នកចង់បង្ហាញដល់អ្នកស្ដាប់ និងមិនចាំបាច់នឹកដែលអាចរំខានដល់ការធ្វើបទបង្ហាញរបស់អ្នក។
៥. ស្ដាប់តន្ត្រី ឬអានពាក្យស្លោកល្បីៗមុនពេលធ្វើបទបង្ហាញ ហេតុអ្វីអ្នកចាំបាច់ត្រូវធ្វើដូច្នេះ? ព្រោះដើម្បីឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយពីភាពតានតឹងទាំងឡាយ និងបង្កើនទំនុកចិត្តផងដែរ។ ៦. កំណត់ថានរណាជាអ្នកចូលរួមស្ដាប់ក្នុងបទបង្ហាញនេះ ការកំណត់អ្នកចូលរួមបានច្បាស់ អាចឲ្យអ្នកប្រើពាក្យពេចន៍ត្រឹមត្រូវ តាមឋានៈ និងកម្រិតការអប់រំដែលពួកគាត់មាន។ ៧. ផឹកទឹកបន្តិចមុនពេលចាប់ផ្ដើម ការផឹកទឹកអាចជួយសម្អាតជាតិស្អារក្នុងបំពង់ក ដូច្នេះអ្នកអាចបញ្ចេញសំឡេងលឺៗ និងច្បាស់ៗដល់ទស្សនិកជន។
៨. ត្រូវដើរទៅក្រោយទូវេទិកា[Podium] ការធ្វើបទបង្ហាញលើកដំបូងពេលខ្លះ អ្នកនៅតែមានការភិតភ័យ ដូច្នេះដើម្បីជៀសវាងកុំឲ្យប្រិយមិត្តក្នុងបទបង្ហាញឃើញរូបរាងញ័រ របស់អ្នក អាចចូលទៅឈរក្រោយតុវេទិកាដើម្បីបិទបាំងការបាត់ទំនុកចិត្តនៅ ពេលដែលមានអារម្មណ៍ស្ទាក់ស្ទើរ។ ៩. ប្រើខ្សែភ្នែកសម្លឹងអ្នកចូលរួម ការប្រើក្រសែភ្នែកសម្លឹងអ្នកចូលរួមមានន័យថាអ្នក យកចិត្តទុកដាក់លើពួកគេ ប៉ុន្តែវាជាការពិបាកបើអ្នកភ័យខ្លាចច្រើន។ អញ្ចឹងធ្វើដូចម្ដេចទើបអាចសម្លឹងអ្នកចូលរួមបាន បើអ្នកខ្លាចម្ល៉ឹងៗ? វិធីងាយៗដែលអ្នកគួរធ្វើ គឺត្រូវជ្រើសរើសមនុស្សដែលមានទឹកមុខរួសរាយរាក់ទាក់ និងព្យាយាមសម្លឹងទៅអ្នកទាំងនោះរាល់ពេលដែលអ្នកចង់ប្រើក្រសែ ភ្នែកដើម្បីបញ្ជាក់ថាអ្នកចាប់អារម្មណ៍លើពួកគេ។ ម៉េចដែរប្រិយមិត្ត ភ័យទៀតអត់ពេលធ្វើបទបង្ហាញ?

រៀន ចាំ​បាច់​កំណត់​គោល​ដៅ​ជីវិត​ដែរ?

បណ្ដា​អ្នក​សិក្សា​មួយ​ចំនួន​​រៀន​ដោយ​មាន​គោល​ដៅ​របស់​ខ្លួន​ច្បាស់ ​លាស់​ ពោល​គឺ​គេ​បាន​ត្រៀម​ជា​ស្រេច​ថា នឹង​ធ្វើ​អ្វី​មួយ​នៅ​ពេល​ដែល​គេ​រៀន​ចប់​។ ផ្ទុយ​ទៅ​វិញ ក៏​មាន​បណ្ដា​អ្នក​សិក្សា​មួយ​ចំនួន​ទៀត រៀន​គ្មាន​គោល​ដៅ​ច្បាស់​លាស់​នោះ​ទេ គឺ​គេ​ចេះ​តែ​សិក្សា​ទៅ​ៗ ពេល​ខ្លះ​គ្រាន់​តែ​រៀន​កំដរ​គេ ចេះ​តែ​ទៅ​​តាម​គេ​ ទៅ​អោយ​ផុត​តែ​ពី​ផ្ទះ​កុំ​អោយ​គេ​ថា​នៅ​ទំនេរ​ឥត​ប្រ​យោជន៍ ឬ​ក៏​ទៅ​ដើម្បី​គេចវេះ​ពី​​កិច្ច​ការ​ផ្ទះ​​​ជា​ដើម។ ចុះ​ការ​រៀន​បែប​នេះ​នៅ​ថ្ងៃ​អនាគត​ តើ​វា​ផ្ដល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ការ​សិក្សា និង​អនាគត​​របស់​ពួក​​​គេ?
យុវសិស្ស ម៉ៃ សុគន្ធា និយាយ​ថា គេ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ។ បច្ចុប្បន្ន​នេះ យុវសិស្ស​រូប​នេះ កំពុង​រៀន​ជំនាញ​ព្យាណូ។ “ចំពោះ​គោល​ដៅ​របស់​ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​សិល្បៈ សព្វ​ថ្ងៃ​ខ្ញុំ​កំពុង​រៀន​ព្យាណូ​​នៅ​ឯ​ផ្ទះ។ ក្រៅ​ពី​នេះ​ខ្ញុំ​រៀន​ភាសា​អង់គ្លេស​បន្ថែម​ទៀត​​ដើម្បី​​អោយ​គោល​ដៅ​របស់​ ខ្ញុំ​បាន​សម្រេច​ ទោះ​ជា​បច្ចុប្បន្ន​ខ្ញុំ​ឈប់​រៀន​នៅ​សាលា​រដ្ឋ​ក៍​ដោយ​ក៍​ខ្ញុំ​​នៅ​តែ​ខំ​ ប្រឹង​ប្រែង​តទៅ​ទៀត​ដែរ”។  ហេតុ​ផល​ដែល​ សុគន្ធា កំណត់​គោល​ដៅ​ជា​មុន​បែប​នេះ ជា​ការ​អភិវឌ្ឍ​ខ្លួន​គេ​អោយ​ឈាន​ទៅ​មុខ​។ “…ឈាន​ជា​ដំណាក់​ៗ​ ដូចជា​កាំ​ជណ្ដើរ​អីចឹង ហើយ​វា​អាច​ជួយ​តម្រង់​ទិស​អោយ​យើង​ឆាប់​ទៅ​ដល់​គោល​ដៅ​ដែល​យើង​ប្រាថ្នា​ ចង់​បាន​ទៀត​ផង។
ផ្ទុយ​ពី​ ម៉ៃ សុគន្ធា ខាង​លើ​ដែល​បាន​កំណត់​គោល​ដៅ​ច្បាស់​ក្នុង​ពេល​កំពុង​សិក្សា​នា​បច្ចុប្បន្ន យុវសិស្ស ឌៀប រ៉ាវី និយាយ​បែប​ទាក់​ទើរ​ៗ​ថា គេ​ពុំ​បាន​កំណត់​ថា មាន​គោល​ដៅ​ធ្វើ​អ្វី​ទេ។ រ៉ាវី បន្ត​ថា “ខ្ញុំ​មិន​ដឹង​ដែរ​ ខ្ញុំ​មិន​មាន​គោល​ដៅ​អ្វី​ទេ ខ្ញុំ​ចេះ​តែ​រៀន​ៗ​ទៅ​ មិន​ដឹង​ថា​ថ្ងៃ​ក្រោយ​ខ្ញុំ​បាន​ធ្វើ​ការ​ងារ​អ្វី​នោះ​ទេ​បង! ចាំ​រៀន​ចប់​ចាំ​គិត​ទៀត។ គេ​និយាយ​ទៀត​ថា ​ពេល​នេះ​​ខ្ញុំ​ក៍​មិន​ដែល​គិត​ថា​នឹង​ចង់​ធ្វើ​អ្វី​ដែរ​ ព្រោះ​ខ្ញុំ​ជា​កូន​អ្នក​ក្រ​គ្មាន​លទ្ធភាព​រៀន​បាន​ជ្រៅ​ជ្រះ​ដូច​កូន​​គេ​ អ្នក​មាន​​ទេ”។ ចំពោះ​លទ្ធផល​ការ​សិក្សា​បច្ចុប្បន្ន គេ​ប្រាប់​ឲ្យ​ដឹង​ថា ការ​សិក្សា​សព្វ​ថ្ងៃ​គឺ​ធម្មតា​​ៗ​បាន​ត្រឹម​​មធ្យម​ ​ដូច​ជា​មិន​មាន​មុខ​វិជ្ជា​ណា​មួយ​ល្អ​ជាង​មុខ​វិជ្ជា​ណា​មួយ​ទេ។
មិន​ដូច​គន្ធា​ទេ វេជ្ជរ៉ា រៀន​នៅ​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​ថ្មី ប្រាប់​ច្បាស់​ៗ​ថា គេ​ច្បាស់​ណាស់​ថា គេ​ចង់​ធ្វើ​ជា​[មេធាវី]។ ការ​ដែល​យុវតី​រូប​នេះ បាន​កំណត់​គោល​ដៅ ជា​មុន​យ៉ាង​នេះ ដោយ​សារ​នាង​ធ្លាប់​បាន​ស្ដាប់​វិទ្យុ​គេ​និយាយ​អំពី​ការ​រៀន​មាន​គោល​ដៅ​ នេះ នាំ​ឲ្យ​ទទួល​ជោគជ័យ​ក្នុង​ជីវិត។ លើស​ពី​នេះ​ការ​សិក្សា​ក៏​បាន​លទ្ធផល​ល្អ​ដែរ។ “…ខ្ញុំ​នឹង​រៀន​មហា​វិទ្យាល័យ​ច្បាប់…ហើយ​ដើម្បី​រៀន​ច្បាប់​បាន​ល្អ ទាល់​តែ​ខ្ញុំ​ពូកែ​ខាង​សីលធម៌ ពលរដ្ឋ ប្រវត្តិសាស្ត្រ សិក្សា​សង្គម អក្សរ​សាស្ត្រ​ខ្មែរ​ជា​ដើម…”។ វេជ្ជ​រ៉ា អះអាង​ថា នាង​ប្រឹង​មុខ​វិជ្ជា​ទាំង​នេះ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បច្ចុប្បន្ន។ ប៉ុន្តែ គេ​ពុំ​បាន​បោះ​បង់​មុខ​វិជ្ជា​ដ៏​ទៃ​ទៀត​ទេ។ “…គ្រាន់​ថា មុខ​វិជ្ជា​ទាំង​នេះ អាទិភាព​ជាង​គេ!”។
ងាក​មក​មើល​ការ​លើក​ឡើង​របស់​និស្សិត​វិញ​ជុំវិញ​បញ្ហា​ការ​សិក្សា​គ្មាន ​គោល​បំណង​នេះ។ រំលឹក​ពី​អតីតកាល​និស្សិត ម៉ា ជីវ៉ា អ្នក​ខេត្ត​កណ្ដាល​ដែល​ទើប​តែ​បាន​ប្រលង​ចូល​សិក្សា​ច្បាប់​នៅ​សកល​ វិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា ក្នុង​ឆ្នាំ​នេះ  និយាយ​ថា គេ​ពុំ​បាន​កំណត់​គោល​បំណង​អ្វី​នោះ​ទេ កាល​ពី​នៅ​រៀន​វិទ្យាល័យ។ បន្ទាប់​ពី​ជាប់​បាក់​ឌុប​រួច គេ​ពុំ​ដឹង​រៀន​អ្វី និង​ធ្វើ​អ្វី​នោះ​ទេ? និស្សិត​រូប​នេះ ទុក​ចោល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។ គេ​សារភាព​ថា ការ​កំណត់​គោល​បំណង​ជីវិត​គឺ​ពិត​ជា​មាន​សារៈសំខាន់​ដើម្បី​អភិវឌ្ឍ​ខ្លួន។ “ឥឡូវ​នេះ​ខ្ញុំ​មាន​គោល​ដៅ​ជីវិត​ច្បាស់​លាស់​ហើយ…ហើយ​ខ្ញុំ​សម្គាល់​ខ្លួន ​ឯង​ថា ហាក់​មាន​ទឹក​ចិត្ត​ជាង​មុន​ឆ្ងាយ​ណាស់​”។
ក្រៅ​ពី​អ្នក​សិក្សា​គួរ​មាន​គោល​ដៅ​ជីវិត​នោះ អ្នក​រៀន​ក៏​គួរ​មាន​សមត្ថភាព​ផង​ដែរ។ តាម​ទស្សនៈ​របស់​​បណ្ឌិត ជា ចំរើន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កណ្ដាល ឲ្យ​ដឹង​ថា ​សមត្ថភាព​នេះ​គឺ​កើត​ចេញ​ពី​ការ​សិក្សា​រៀន​សូត្រ។     ក្នុង​ន័យ​ជា​គន្លឹះ​ដល់​ការ​សិក្សា​របស់​អ្នក​រៀន បណ្ឌិត ជា ចំរើន លើក​ឡើង​ទៀត​ថា រៀន​ពី​សាលា រៀន​ពីសង្គម រៀន​ពី​ការងារ។ ត្រូវ​មាន​ការ​តាំង​ចិត្ត​ច្បាស់​លាស់​ថា រៀន​ដើម្បី​ធ្វើ​អ្វី​ទៅ​ថ្ងៃ​មុខ។ ម្យ៉ាង​ទៀត​មិន​ថា តែ​អ្នក​រៀន​នោះ​ទេ គឺ​ត្រូវ​ក្រឡេក​មើល​អ្នក​ដទៃ​ទៀត​ដែល​កំពុង​រស់​នៅ​ជុំ​វិញ​ខ្លួន ពិសេស​សំឡឹង​មើល​អ្នក​រៀន​ដែល​បាន​កំណត់​គោល​ដៅ​ជីវិត ហើយ​ទទួល​បាន​ជោគជ័យ។ ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​សម្រប​ខ្លួន​តាម​ស្ថានភាព​សង្គម​ជាក់​ស្ដែង មាន​ន័យ​ថា មនុស្ស​ត្រូវ​គោរព​ច្បាប់​ធម្មជាតិ។ តាម​រយៈ​ការ​ជួប​សន្ទនា​ជាមួយ​បណ្ដា​យុវវ័យ​មួយ​ចំនួន​យល់​ថា ប្រការ​ដែល​គេ​រៀប​ចំ​គោល​ដៅ​ច្បាស់​លាស់​​បែប​នេះ នឹង​ជំ​រុញ​ការ​សិក្សា​របស់​គេ​អោយ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ ជាពិសេស ជា​កម្លាំង​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​របស់​ពួក​គេ៕

No comments: