Tuesday, August 28, 2012

យុទ្ធសាស្ត្រ​ត្រីកោណ​ ទ្រឹស្តី​មគ្គុទ្ទសក៍​ជោគជ័យ​ ក្នុង​​​សកម្មភាព​​គ្មាន​ដែន​កំណត់


“មហិច្ឋតា​និង​ទស្សនវិស័យ​វែង​ឆ្ងាយ​ ជា​សម្រស់​របស់​មេដឹក​នាំ”
“ភាព​បរិបូណ៌​​ដោយ​ទស្សនទាន គោល​លដៅ​ ​ការ​ប្តេ​ជ្ញា​ចិត្ត​ និង​ការ​ទទួល​ខុសត្រូវ​ជា​កត្តា​ដែល​ជម្រុញ​ឲ្យ​មនុស្ស​ក្លាយ​មេដឹក​នាំ”
(ទស្សនាទាន៖ ម៉ៃ រ៉ាម)
មេដឹកនាំ​កំពូល​ត្រូវ​មាន​មហិច្ឆតាឥត​ព្រំដែន​ ក្នុងការ​ដឹកនាំ​ ។ មេដឹក​នាំត្រូវ​មា​ន​ឧត្តមគតិ​និង​ទស្សនវិស័យ​ ​ដែល​ជា​អាវុធ​សម្រាប់​ត្រួសត្រាយផ្លូវក្នុងពេល​អនាគតដ៏​ភ្លឺ​ស្វាង​និងជួយ​ពង្រឹង​​​មហិច្ឆតា​ ឲ្យ​កាន់​រឹង​មាំឡើង ។ មេដឹក​នាំដ៏កំពូល​តែងជួយ​ជម្រុញ​ទឹក​ចិត្ត​របស់​អ្នក​ក្រោម​បង្គាប់​បញ្ជា ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​​សកម្ម​ការងារ​​​និង​​ជួយ​លើក​ទឹក​ចិត្ត​របស់​ពួក​គេ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​គោល​ដៅរបស់​ពួកគេ រួម​គ្នា​។ មេដឹក​នាំ​ល្អ​ត្រូវ​តែ​ជួ​យ​ជម្រុញទឹក​ចិត្ត​របស់​អ្នក​ក្រោ​បង្គាប់​ ឲ្យ​គិត​ថា៖ “​វាជា​ការ​ដើ​រ​ទៅ​រក​គោល​រួម​គ្នា​និង​ជោគជ័យ​រួមគ្នា” ។ មេដឹក​នំា​តែ​ង​មាន​ទស្សនៈ​ច្បាស់លា​ស់​និង​ប្រាកដ​និយម​ ចំពោះ​​អនាគត​របស់​ពួក​គេ​​ដែល​​ពួក​គេចង់​បង្កើត​ឡើង ហើយ​ពួកគេ ​ក៏​​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​បញ្ជួន ឬ ផ្ទេរ​ទស្សនៈ​នេះ  ទៅ​ឲ្យ​អ្នក​ដទៃ​ទៀត​ ក្នុង​មធ្យោបាយ​មួយ​ដ៏ប្រសើរ ។ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​មេដឹក​នាំ​ដ៏​កំពូល​ អ្នក​ចាំបាច់​ត្រូវ​តែ​អនុវត្ត​តាម​ទ្រឹស្តីបីនៃ​ការ​ដឹក​នាំ​ដ៏​អស្ចារ្យ​និង​ជា​គំរូ​ដ៏​ប្រសើ​រ​របស់​អ្នក​ក្រោម​បង្គាប់​បញ្ជា​ ។ ​

      ១/ទ្រឹស្តីនៃ​ជោគ​ជ័យ​ដ៏​កំពូល

ទ្រឹស្តីនៃ​ជោគជ័យ​ដ៏​កំពូល​បាន​និយាយថា៖ “មេដឹក​នាំ​ល្អ​ត្រូវ​តែ​តាំងចិត្ត​ ប្តេជ្ញា​ក្នុង​ការ​រត់រក​ ឬ ទទួល​យក​ជោគជ័យ​ដ៏​កំពូល​” ។ មេដឹកនាំ​ល្អ​តែ​ង​ដឹងថា៖ “ភាព​ល្អឥត​ខ្ចោះ​ ជាផ្លូវ​ដំណើរដែល​គេ​ត្រូវ​តែ​ដើរ​​ មិន​មែន​ជា​គោល​ដៅ” ។​ មេដឹក​នាំ​​តែង​មាន​វីរិយភាព​ជានិច្ច​ ។ ពួក​គេ​ខិត​ខំប្រឹង​ប្រែង​ ក្នុង​ការ​ឈាន​ទៅ​រក​​តំបន់ ឬ ទីតំាំង​លទ្ធផល​​ពិសេស​របស់ពួកគេ​និង​ខិតខំប្រឹងប្រែង​ក្នុង​ការ​ក្លាយ​ខ្លួន​ ជា​បុគ្គល​គំរូ​​នៃ​អ្នក​ក្រោម​បង្គាប់​បញ្ជា ដែល​រឹង​រឹត​តែ​ធ្វើ​ឲ្យពួកគេ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន ។ ពួក​គេ​ស្អប់​អ្វី​ដែល​អសមត្ថភាព​និង​ការ​អនុវត្តខ្សោយ ។ មេដឹក​នាំ​ត្រូវ​ការ​គុណភាព​ការងារ​និង​តស៊ូ​ប្តេជ្ញាចិត្ត​ថា៖ “មនុស្ស​ក្រោមបង្គាប់​ត្រូវ​តែ​ធ្វើ​បាន​ល្អ” ។ មេដឹក​នាំ​តែងកំណត់​បទដ្ឋាន​នៃ​សុក្រឹត្យភាព​ ។ គ្មាន​បុគ្គល​ណាម្នាក់​ គ្មាន​ផ្នែក​ណាមួយ​នៃ​អង្គភាព​ អាច​នឹង​ប្រសើរ​ជាង​បទដ្ឋាន​ដែល​មេដឹក​នាំ​​បាន​កំណត់និង​ដាក់​កំហិត​ឡើយ​​ ។ សម្រាប់​ហេតុផល​ហ្នឹង​ មេដឹកនាំ​ត្រូវ​តែ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ចាប់​យក​សុក្រឹត្យ​ភាព​ផ្ទាល់​ខ្លួននិង​ទទួល​ជោគជ័យ​ក្នុង​ការ​អនុវត្ត​នូវ​អី្វ​គ្រប់​យ៉ាង​ដែល​ពួក​គេ​បាន​ធ្វើ​ ។
នៅ​ពេល​ដែល​មនុស្ស​ដែល​ធ្វើ​ការ​នៅ​ក្នុង​អង្គភាពមួយយ ​ដែល​សុក្រឹត្យភាព​ត្រូវ​បាន​គេ​កំណត់​ ពួកគេ​ហាក់​បីដូច​ត្រូវ​បាន​គេ​ជួយ​ជម្រុញ​ទឹក​ឲ្យ​អនុវត្ត​និង​ធ្វើ​ដោយ​​សប្បាយ​រីករាយ ។  យុទ្ធសាស្រ្ត​ដ៏​ប្រសើរ​បំផុត​ ក្នុង​ការ​ជួយ​ជម្រុញ​ទឹក​ចិត្ត​និង​បង្កើន​កម្លាំង​អ្នក​ក្រោម​បង្គាប់​បញ្ជា​ គឺមេដឹក​នាំ​ត្រូវ​ប្រកាស​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុងការ​សម្រេច​ជោគ​ជ័យ​កំពូល ។
មេដឹកនាំ​តែង​បញ្ជាក់​ពី​សមត្ថភាព​មូល​ដ្ឋាន​របស់​ខ្លួន ដែល​ជា​កិច្ចការ​ដ៏​សំខាន់​ចំពោះ​គោលដៅ​ ហើយ​ពួក​គេ​​ត្រូវ​តែ​ទទួល​ខុសត្រូវ​លើ​វា​ ។ ពួក​គេតែង​សម្លឹង​មើល​ទៅ​មុខ​ជានិច្ច​ ដើម្បី​បង្កើន​សមត្ថភាព​ដ៏​សំខាន់​ទាំង​អស់​នេះនិង​ធានា​ថា​៖ “ពួក​គេនឹង​ទទួលបាន​ជោគជ័យ​” ។​ មេដឹក​នាំ​ល្អ​តែង​គិត​ពី​អនាគត​និង​តែង​បញ្ជាក់​នូវ​សមត្ថភាព​មូលដ្ឋាន​ដែល​ជា​កត្តាមួយយដែល​​តម្រូវ​ឲ្យ​មាន​ការ​អនុវត្ត​​ដល់​កម្រិត​ខ្ពស់​បំផុត​ ។ បន្ទាប់មក ពួកគេបង្កើត​គម្រោង ​ដើម្បី​ជួយ​ជម្រុញ​ឲ្យ​សមត្ថភាព​នោះ ទទួល​បាន​ផល​ល្អ ។​

២/ទ្រឹស្តីនៃ​សុចរិតភាព

ទ្រឹស្តីនៃ​សុចរិតភាពបាន​និយាយ​ថា៖ “​ការ​អនុវត្ត​ដល់​កម្រិត​កំពូល​នឹង​​កើត​ឡើ​ង​លើ​រូប​អ្នក​ នៅ​ពេល​ដែល​អ្នក​សម្រេចចិត្តជ្រើសរើស​យក​ជីវិត​ដែល​តស៊ូ​ប្តូរផ្តាច់​លើ​គុណ​តម្លៃ​ដ៏​កំពូល​និង​ទស្សនៈ​ដ៏​ជ្រាល​ជ្រៅ​របស់​អ្នក”​ ។ មេដឹកនាំ​ល្អ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​និង​ការដោះ​ស្រាយ​ដោយ​ស្មោះត្រង់​ជា​មនុស្ស​​គ្រប់​គ្នានិង​គ្រប់​កាលៈទេសៈ ។ តាម​ទ្រឹស្តី​នៃ​សុចរិត​ភាព​តម្រូវ​ឲ្យ​អ្នក​មាន​ភាព​ស្មោះ​ត្រង់ឥត​ខ្ចោះ​ជា​មួយ​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯង​និង​អ្នក​ដទៃ ។ សុចរិតភាព​ជា​មូលដា្ឋន​គ្រឹះ​នៃ​មេដឹកនាំ​និង​ជា​បេះដូង​នៃ​មេដឹក​នាំ ។ ​
អ្វីដែល​មេដឹក​នាំ​ដ៏កំពូល​គឺ​ត្រូវ​ធ្វើ​ជា​មេដឹក​នាំ​គំរូ​សម្រាប់​មនុស្សគ្រប់​គ្នា ។ ​ត្រូវ​​ធ្វើ​ខ្លួន​ឯង​ឲ្យ​ជា​គំរូ​ល្អនៃ​អ្នក​ក្រោម​បង្គាប់​ ទាំងការនិយាយស្តី​និង​ការ​អនុវត្ត​ ។ ត្រូវ​ធ្វើ​ជាគំរូ​ល្អ ទោះ​នៅក្នុង​ទីកំបាំ​ងមុខអ្នក​ដទៃ​ក្តី​ ។ មេដឹកនាំ​ត្រូវ​ធ្វើ​ជា​គំរូ​ ពី​ព្រោះ​ ពួកគេ​ជា​ប្រភព​នៃ​សេចក្តីទុកចិត្តរបស់​មហហជន​គ្រប់​គ្នា​​ ។ អ្នក​ក្រោម​បង្គាប់​នឹង​ទទួល​យក​ពាក្យ​សម្តី​របស់​មេដឹកនាំ​និង​ទទួលយក​ការ​ជឿ​ជាក់​នូវ​អ្វីដែល​ពួ​ក​គេនិយាយ​ថា​៖ “​ពួកគេ​នឹង​ធ្វើ” ។​​ គំរូល្អគឺ​ត្រូវ​គោរព​តាម​ពាក្យ​សន្យានិង​ការទទួលខុសត្រូវ​​ ។
សញ្ញាណ​ដ៏​សំខាន់​នៃ​សុចរិតភាព ក្នុង​ការ​ទាក់ទង​មនុស្ស​ គឺ​ភាព​ម៉ឹងម៉ាត់ទាំង​ខាងក្នុង​និង​ខាងក្រៅ​ ។ មេដឹក​នាំ​កំពូល​គឺ​ត្រូវ​តែ​ម៉ឹង​ម៉ាត់​គ្រប់​វិនាទី​និង​គ្រប់​ស្ថានភាព​ ។ ដោយ​សារតែ​ភាព​ម៉ឹង​ម៉ាត់​ខាងក្នុង​ហ្នឹង​ហើយ​ មេដឹកនាំ​ត្រូវ​បាន​គេ​ផ្តល់​សេចក្តី​ជឿជាក់​យ៉ាងមុត​មាំ ។ មនុស្ស​ក្រោម​បង្គាប់​តែង​ដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុក​ ។ គ្រប់​យ៉ាង​នឹង​មិន​មាន​ភាព​ភ្ញាក់​ផ្អើល​ឡើយ ។

៣/ទ្រឹស្តីនៃ​​មហិច្ឆតា​

ទ្រឹស្តីនៃ​​មហិច្ឆតា​បាន​និយាយ​ថា៖ “​ដោយ​សារ​តែ​មេដឹកនាំ​ល្អ​ដែល​មាន​មហិច្ឆតា​ដោយ​រឹង​មាំ​ ទើប​ធ្វើ​ឲ្យ​ពួកគេ​មាន​ទស្សនៈ​អនាគតល្អប្រសើរ ដែលខ្លួន​បាន​ប្តេជ្ញាចិត្ត​ធ្វើ​” ។ “ទស្សនៈ” ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​មាន​លក្ខណៈ​វិសេសវិសាល​ជា​អ្នក​ក្រោម​បង្គាប់​ ។ មេដឹក​នាំ​​មាន​សមត្ថភា​ព​គ្រប់​គ្រាន់​ក្នុង​ការ​កំណត់ទស្សនវិស័យ​ដ៏​វែង​ឆ្ងាយ​និង​បន្ទាប់​មក​ជួយ​ជម្រុញ​ឲ្យ​អ្នកដទៃ​ទៀត​ ចេះ​ធ្វើ​ការ​រួម​គ្នា​ ក្នុង​គោល​បំណង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ដូច​គ្នា​ ។ មេដឹកនាំ​តែ​ង​មាន​មហិច្ឆតា​​និង​ទស្សនវិស័យ​ខ្ពស់​ជាងមនុស្សធម្មតា​ ហើយ​យល់​ឃើញថា៖ “​ការដឹកនាំ​ជា​ឧបករណ៍​មួយ​ដែល​ខ្លួន​អាច​ប្រើប្រាស់​ក្នុង​ចាប់​យក​លទ្ធផល​សំខាន់​និង​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា ។ ​
អ្នកនឹង​​ក្លាយជាដឹក​នាំ​នៅ​ពេល​អ្នក​បាន​កំណត់​គោលដៅ​ បង្កើត​គម្រោង​ ហើយ​បន្ទាប់​បញ្ចូល​​បេះដូង​របស់​អ្នក​ចូល​ក្នុង​វិថី​​គម្រោង​នោះ ដើម្បី​ធ្វើ​គម្រោង​របស់​អ្នកឲ្យ​ក្លាយ​ជា​ការណ៍​ពិត ។ អ្នក​អាច​ក្លាយ​ជាមេដឹក​នាំ​ពិត​បាន​ នៅ​ពេល​ដែល​អ្នកអាច​​បង្កើត​ទស្សនៈ​ជម្រុញ​ទឹក​ចិត្តខ្លួន​​ឯង​និង​អ្នក​ដទៃ ។
មេដឹក​នាំ​ល្អ​ ឬ​ ជា​គំរូ​អាច​ពន្យល់​បាន​ច្បាស់​ពី​អ្វី​ដែល​ពួក​គេ​កំពុង​ព្យាយាម​​ធ្វើ​ឲ្យ​សម្រេច​ ដល់​អ្នកដទៃ​បាន​ ព្រមទាំងអាច​ប្រាប់​​ពី​ហេតុផល​ដែល​ពួក​គេ​កំពុង​តែ​ព្យាយាមនិង​ពីវិធីសាស្ត្រ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ ។ ពួកគេ​តែ​ង​រីក​រាយជាមួយអ្វី​ដែល​ពួក​គេ​​កំពុង​ធ្វើ​និង​លទ្ធផល​របស់​ពួកគេ​ ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដទៃ​រីករាយ​ជាមួយ​ផងដែរ​ ។ មេដឹកនាំ​តែង​មាន​គោលដៅ​ ​គម្រោង​ និង​យុទ្ធសាស្ត្រ​ដែល​ពួ​កគេ​កំពុង​ធ្វើ​និង​អនុវត្ត​ប្រចាំ​ថ្ងៃ ។ ពួកគេ​ប្រញាប់​ប្រញាល ពីព្រោះ​ ពួកគេ​តែង​គិត​ថា៖ “​ត្រូវ​តែ​ធ្វើឲ្យ​បាន​ច្រើន​ ពីព្រោះ​ពេល​វេលា​សម្រាប់​ពួកគេ​មាន​តិច​ណាស់” ។

សនិ្នដ្ឋានកថា

មេដឹកនាំ​ល្អ ឬ ជា​គំរូ​​​តែង​មាន​ទស្សនៈប្រាកដ​និយម សុចរិតភាព ​គុណតម្លៃ ​គោលដៅ​ ​គម្រោង​ និង​យុទ្ធសាស្រ្ត​ច្បាស់​លាស់​សម្រាប់​អង្គភាព​ ឬ​ ស្ថាប័ន​របស់​ពួកគេ​ ។ មេដឹកនាំ​ទាំង​អស់ ដែល​ប្រាថ្នា​ចង់​ដឹកនាំ​គេ​ ​ត្រូវមាន​ការ​ទទួល​ខុសត្រូវ​ និង​សិល្ប៍សាស្ត្រ​ក្នុង​ជម្រុញ​ទឹកចិត្ត ។ ពួកគេ​មាន​ឆន្ទៈ​ក្នុង​ទទួល​យក​ ឬ ហ៊ានប្រថុយ​ប្រថាន់នឹង​គ្រោះ​ថ្នាក់​ ព្រមទាំង​ហ៊ានបូជា​ជីវិត​ទៀតផង ។ ​
ដោយ៖​ ម៉ៃ រ៉ាម

No comments: