Tuesday, August 28, 2012

វិធីគិតបែបមេដឹកនាំក្នុងការដោះស្រាយបញ្ហា ដោយងាយស្រួល


“កំពូល​មេដឹកនាំមិន​មែន​ជា​បុគ្គល​ដែល​ស្វែង​រក​ការ​​រួប​រួម​ទេ​ ប៉ុន្តែ​ ជាបុគ្គល​ដែលបង្កើត​និង​រៀបចំ​នូវ​ការ​រូបរួមនិងការ​ផ្សះ​ផ្សារ​​”
“ប្រសិនបើ​ សកម្មភាព​របស់​អ្នក ពិត​ជាក់​ជា​ជួយ​លើក​ស្ទូយ​​អ្នក​ដទៃ ​ឲ្យ​មាន​ក្តី​ស្រមៃទ្វេ​ឡើង ​ជួយ​គេ​ឲ្យចេះ​​សិក្សា​ឈ្វេង​យល់​ទ្វេ​ឡើង​ ជួយ​ឲ្យ​គេ​ ក្លាយ​ជា​បុគ្គល​សកម្ម​ទេ្វ​ឡើង និង​ក្លាយ​ជា​បុគ្គល​​មាន​គុណភាព​ អ្នក​ហ្នឹង​ហើយ​ ជា​មគ្គុទ្ទេសក៍​”​
(ទស្សន: ម៉ៃ រ៉ាម)
            មេដឹកនាំ​គ្រប់​រូប​មាន​ជំនាញ​និង​ទេពកោសល្យ​​​​ក្នុង​ការ​បង្កើត​រូបភាព​ល្អ​ៗ​និង​វិជ្ជមាន​នៅ​ក្នុង​ចិត្ត​ ។ មេដឹកនាំ​គ្រប់រូប​មាន​ទម្លាប់​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​មើល​ឃើញ​នូវ​រាល់​ព្រឹត្តិការណ៍​និង​ឧបសគ្គ​​នានា​ដែល​មាន​ជា​ធម្មតា​ ។ មនុស្ស​ធម្មតា​ច្រើន​តែ​មាន​ទម្លាប់​យល់​ខុស​លើ​ថាមពល​របស់​គេ​ផ្ទាល់​​និង​យល់​ច្រឡំ​លើ​ភាពខ្សោយ​របស់​ខ្លួន​ ។ គ្រប់​កាល:ទេស:​ទាំងអស់​ដែល​ពួក​គេ​មើល​សុទ្ធ​តែមិន​​អាច​​និង​មិន​មាន​ជំនឿ​ថា​​៖​ “វា​នឹង​អាច​ក្លាយ​ជា​ការណ៍​ពិត​ក្នុង​ថ្ងៃ​ណា​មួយ​” ។ ព្រោះ​គ្រប់​បញ្ហា​ទាំង​អស់​ដែល​ពួក​​គេ​​មើល​ឃើញ​ គឺ​សុទ្ធ​តែ​អាក្រក់​ ។ ពួក​គេចាប់​យក​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​ក្នុង​ស្រមោល​ងងឹត​ ពួក​​គេ​មាន​អារម្មណ៍​ខ្លាច​ក្រែង​រអែង​នូវ​ព្រឹត្តិការណ៍ដែល​​អាក្រក់​អាច​នឹង​កើត​ឡើង​ ។ មេដឹកនាំ​ទាំង​អស់​ចាប់​​យក​បញ្ហា​នានា​និង​ចាត់​ទុក​វា​ថា​​៖  “រឿង​ធម្មតា​ ហើយ​បំផ្លើស​ឱកាស​” ។ សូម​ស្តី​តាម​ការណ៍​ពិត​ចុះ​ បើ​​សិន​ជា​យើង​មើល​ឃើញ​បញ្ហា​ថា​​៖ “ជា​រឿង​ធម្មតា​ យើង​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ដោយ​ងាយ​​ស្រួល​” ។​ ភាព​ខុស​គ្នា​ស្ថិត​នៅ​ត្រង់​ការ​គិត​របស់​យើង​ ប្រសិន​បើ​ យើង​មើល​ឃើញ​បញ្ហានានា​ថា​៖​ ​“ជា​​​រឿង​លំបាក​និង​ស្មុគស្មាញ​ ហើយ​ព្យាយាម​រត់​គេច​ចេញ​ពី​វា​ មិន​ព្រម​តស៊ូ​នឹង​បញ្ហា​” ។ ​ចូរ​ចាំ​​ថា​៖ “នឹង​​មាន​បញ្ហា​ផ្សេង​ៗ​ទៀត​ វា​នឹង​ទាញ​អ្នក​ចូល​ជា​មិន​ខាន​ឡើយ​” ។ នុះ​ហើយ​ បញ្ហា​វា​នឹង​រឹតរឹង​តែ​ស្មុគ​ស្មាញ​និង​លំបាក​ខ្លាំង​ឡើង​ៗ​ ៕

​វិធីគិតរបស់​បុគ្គល​មគ្គុទ្ទេសក៍​និង​បុគ្គលសាមញ្ញ​

ជា​ការណ៍​ពិត​ណាស់​ គ្រប់​មេដឹក​នាំ​ទាំងអស់​ គ្រប់​ពេលវេលា​មិន​ដែល​ប្រើ​ពាក្យ​ថា​​៖ “បញ្ហា​” ឡើយ​ ។ ពាក្យ​ថា​​៖ “បញ្ហា​” បង្ក​ឲ្យ​មាន​រូបភាព​អវិជ្ជមាន​នៅ​ក្នុង​ចិត្ត​ ដែល​ធ្វើ​ឲ្យ​មាន​ស្ថានភាព​អវិជ្ជមាន​​យ៉ាង​ច្រើន​ ។ មេដឹក​នាំ​ទាំង​អស់​បាន​ដក​ពាក្យ​ថា​​៖ “បញ្ហា​” ចេញ​ពី​វចនានុក្រម​របស់​ពួក​គេ ​ដោយ​​ជំនួស​មក​វិញ ពួក​គេយក​ពាក្យ​ថា​​៖ “ស្ថានភាព​” មក​ជំនួស​វិញ​ ។ ឧទាហរណ៍​: “ខ្ញុំ​បាន​បញ្ហា​” តែ​មេ​ដឹកនាំ​វិញ​ ប្រែ​ក្រឡាស​ទៅ​ជា​​៖ “ខ្ញុំ​បាន​ឆ្លង​កាត់​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយ​ខ្ញុំ​ត្រូវ​តែ​ដោះ​ស្រាយ​វា​ ឲ្យ​បាន​ឆាប់​”៕
តាម​ធម្មតា​មនុស្ស​សាមញ្ញ​និង​មនុស្ស​ដឹកនាំ​គេ​ ទាំង​ពីរ​ពួក​ហ្នឹង​ ជា​ទូទៅ​ ពួក​គេ​​មាន​វិថីគតិ​​(ការ​គិត​ ឬ វិធីសាស្ត្រ​ក្នុង​ចាប់​យក​អ្វីមួយ​មក​គិត​ពិចារណា​) ខុស​​ពី​គ្នា​ឆ្ងាយ​មែនទែន​ ។ មនុស្ស​ធម្មតា​ច្រើន​តែ​គិត​មាន​វិថីគតិ​មួយ​ដែល​យក​បញ្ហា​ដ៏​តូច​មួយ​ មក​គិត​និង​ចាត់​​ទុក​ជា​បញ្ហា​​ដ៏​​ធំ​​និង​លំបាក​សម្រាប់​ខ្លួន​គេ​វិញ​​​ ។ ព្រោះហេតុដូច្នោះ​ហើយ​ ទើប​ធ្វើ​ឲ្យ​​មនុស្ស​សាមញ្ញ​ (ជន​ដែល​​ត្រូវ​គេ​ដឹក​នាំ)​ ក្លាយ​ជន​បញ្ហា​គ្រប់​វេលា​ ។ ចំណែកឯ​ មនុស្ស​ដែល​មាន​និស្ស័យ​ក្នុង​ការ​ដឹកនាំ​គេ​វិញ​ ពួក​គេ​មាន​វិថីគតិ​ខុស​ពី​ជន​ធម្មតា​ បុគ្គល​ដឹក​នាំ​គេ​ មាន​ទេពកោសល្យ​អាច​បង្រួម​បញ្ហា​ធំ​ ឲ្យ​មក​តូច​ ឬ​ បញ្ហា​តូច​ ឲ្យ​មក​គ្មាន​បញ្ហា​ ដោយ​ការ​បង្វែរ​ “បញ្ហា​” ជា​ “ស្ថានភាព​ពិសេស​”  ។ ភាព​ខុស​ប្លែក​គ្នា​​ ក្នុង​​វិថីគតិ​រវាង​បុគ្គល​ធម្មតា​និង​បុគ្គល​ដឹក​នាំ​គេ​ គឺ​មាន​ច្រើន​ទៅ​ទៀត​ ។ តែ​សរុប​មក​ បុគ្គល​ធម្មតា​មាន​​វិថី​មួយ​បែប​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន​និងបុ​គ្គល​ដឹកនាំ​គេ​មាន​វិថី​ចិត្ត​មួយ​បែប​វិជ្ជមាន​ ។ សូម​មេត្តា​ចូរ​​សង្កេត​មើល​មើល៍​ តើ​វិថីគតិ​របស់​បុគ្គល​សាមញ្ញ​និង​វិថីគតិ​របស់​បុគ្គល​មគ្គុទ្ទេសក៍​ដូច​ខាង​ក្រោម​៖
តើ​បុគ្គល​មគ្គុទ្ទេសក៍​និង​បុគ្គល​សាមញ្ញ​មាន​វិថីគតិ​ខុសគ្នា​ដូច​ម្តេច​ខ្លះ​?
វិធីគិតបុគ្គល​សាមញ្ញ​
វិធីគិត​បុគ្គល​មគ្គុទ្ទេសក៍​
យើង​មាន​បញ្ហា!យើង​បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​រំភើប​មួយ​
វា​មិន​អាច​ដំណើរ​ការ​បាន​ទៀត​ទេ ​(ចប់​ហើយ​)!យើង​ត្រូវ​តែ​បន្ត​ធ្វើ​ឲ្យ​មា​ន​ដំណើរ​ការ​វិញ​(បន្តទៀត​)
លំបាក​ណាស់​វើយ​ វេទនា​ណាស់​ជួយ​ផង​!ស្ថានភាព​ហ្នឹង​ស្ថិត​នៅ​ធម្មតា​ តោះ​! រក​វិធីសាស្ត្រ​​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ស្រាយ​វា​ចេញ​ ។
ខ្ញុំ​ចង់​ស្លាប់​ ខ្ញុំ​មិន​ចង់​រស់​ទៀត​ទេ​!ខ្ញុំ​ចង់​រស់​ត​ទៀត​ ដើម្បី​ថ្ងៃ​ថ្មី​ ថ្ងៃ​មាន​រស្មី​
ខ្ញុំ​ចាញ់​ហើយ​ខ្ញុំ​សូម​ចុះ​ចាញ់​វា​ហើយ​!ខ្ញុំ​បាន​ចាញ់​ពិត​មែន​ហើយ​ តែ​សង្រ្គាម​មិន​ទាន់​​បាន​បញ្ចប់​ទេ​!
ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ធ្ងន់​ណាស់​!ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ​
ខ្ញុំ​មាន​វ័យក្មេង​ណាស់​/ចាស់​ណាស់​!អាយុ​របស់​ខ្ញុំ​ វា​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ

          តើ​បុគ្គល​មគ្គុទ្ទេសក៍​ មាន​វិធីគិត​ដូចម្តេច​ខ្លះ?​

  ១/​មេ​ដឹក​នាំ​ប្រើ​តែ​រូបភាព​វិជ្ជមាន​: ដោយសារ​តែ​ពួក​គេ​ដឹង​ថា​​៖ “ចិត្ត​របស់​យើង​ធ្វើ​ប្រតិបត្តិ​ការ​​តែ​លើ​រូបភាព (ចិត្ត​ស្ថិត​នៅ​កណ្តាល​៖ ​“មិន​មាន​វិជ្ជមាន​ មិន​មាន​អវិជ្ជមាន”​) ​ប៉ុណ្ណោះ​ ទាំង​នោះ​ហើយ​ ជា​ហេតុផល​ដែល​ត្រូវ​ព្យាយាម​បង្កើត​រូបភាព​វិជ្ជមាន​​​ឲ្យ​ចិត្ត​ ។ ការ​ធ្វើ​វិថីចិត្ត​មាន​ក្តី​កង្វល់​ ទុក្ខព្រួយ​ សោកសៅ​ មួរហ្មង​ និង​ខ្នក់ខ្នាញ់​គ្រប់​ពេល​វេលា​​ វា​មិន​អាច​ធ្វើ​ឲ្យ​វិថីចិត្ត​មាន​ដំណើរ​ការប្រក្រតី​និង​មាន​ប្រសិទ្ធភាព​ឡើយ​ ៕
        ២/​មេដឹកនាំ​អាច​យល់​បញ្ហា​ថា​ជា​អ្វី​ ពួក​គេ​មិន​បាន​បំផ្លៃ​ក្រឡាស​ប្រែ​ឡើយ​ ហើយ​បាន​ព្យាយាម​​បង្វែរ​បញ្ហា​ទាំង​នោះ​ ទៅ​បុគ្គល​ផ្សេង​ទៀត​ ក្នុង​រូបភាព​ធម្មតា​និង​ជា​មធ្យោបាយ​អាច​យល់​បាន​: ប្រសិន​​បើ​អ្នក​បង្រួម​ទំហំ​របស់​សត្ត​ខ្លា​ឲ្យ​ទៅ​ជា​ទំហំ​របស់​សត្ត​ឆ្មា​វិញ​ វា​មិន​ធ្វើ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​នោះ​ទេ​ ។​ វា​ក្លាយ​ជា​សត្ត​ឆ្មា​ដ៏​តូច​មួយ​ដែល​គួរ​ឲ្យ​ចង់​បេតី​មេត្រី​នៅ​ក្បែរ​ ។ ជា​រឿយ​ៗ​ មនុស្ស​យើង​ តែង​​បំផ្លើស​ក្រឡៃ​ភាព​លំបាក​របស់​បញ្ហា​ ដែល​ជា​កត្តា​នាំ​ឲ្យ​ពួក​គេ​ជួប​បញ្ហា​ពិត​មែន​ ៕​
           ៣​/មេដឹក​នាំ​ តែង​ញញឹម​: ពួក​គេ​ព្យាយាម​​ញញឹម​ដាក់​អ្វី​គ្រប់យ៉ាង​ដែល​ជា​បញ្ហា​ ហើយ​​ក្នុង​​ពេល​​ជាមួយ​គ្នា​ដែរ​ ពួក​គេ​ព្យាយាម​គិត​ពី​បញ្ហា​អវិជ្ជមាន​ ។ អ្នក​មិន​អាច​ ។ ភាព​ញញឹម​ប្រិមប្រិយ​​របស់​អ្នក​និង​វិថីគតិ​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​មាន​រស្មី​រុងរឿង​និង​បែរ​មុខ​ទៅ​រក​មាគ៌ា​វិជ្ជមាន​វិញ​ ដោយ​​ស្វ័យប្រវត្តិ​ ។ គ្មាន​ជម្រើស​ទៀត​ឡើយ​ ដែល​នៅ​សល់​ផ្តល់​ឲ្យ​អ្នក​!​
   ៤​/មេ​ដឹក​នាំ​មើល​ទៅ​ហាក់បីដូច​ជា​លំបាក​ ប៉ុន្តែ​ធាតុពិត​ ក្នុង​ខ្លួន​របស់​ពួកគេ​មិន​បាន​ដូច្នោះ​ទេ​: ចូរ​កុំ​ខ្វល់​កល់​កើត​ទុក្ខ​ខ្លាំង​ពេក​ ស្អែក​ញញឹម​វិញ​ទៅ ​។ ក្តី​ខ្វល់ខ្វាយ​នឹង​បង្កើន​និង​ពង្រីក​ទំហំ​បញ្ហា​​ឲ្យ​​កាន់​តែ​ធំឡើង​ៗ​ ។ ប៉ុន្តែ​ ភាព​ញញឹម​ពព្រាយ​ អាច​បន្ថយ​បន្ធូរ​បញ្ហា​តានតឹង​បាន​ ជា​លទ្ធផល​របស់​​ញញឹម​នឹង​ជួយ​ដោះស្រាយ​បញ្ហា​បាន​យ៉ាងឆាប់​រហ័ស​ ។ ក្តី​កង្វល់​បង្អាក់​វិថីគតិ​វិជ្ជមាន​ ។ ឯ​ញញឹម​ ជួយ​បង្កើន​និង​បង្កើត​វិថី​វិជ្ជមាន​ ។ មេដឹកនាំ​គិត​ឃើញ​បែប​ហ្នឹង​ ទើប​ខំ​ប្រឹង​ចៀស​ពី​កង្វល់​ ហើយ​​ប្រឹង​ឆ្ពោះ​ទៅ​រក​ញញឹម​ ៕​
        ៥/​មេដឹក​នាំ​មើល​បងើ្កត​រូបភាព​ធំ​: ពួក​គេ​បង្កើត​ទស្សន:​ធំ​ ស្ថាបនា​ក្តី​សុបិន​ដ៏​ធំ ​ស្ថាបនា​​និង​រៀប​ចំ​​គោល​បំណង​ធំ​និង​គម្រោង​អនាគត​ ជំនួស​ក្តី​កង្វល់​ ។ គោល​បំណង​ធំ​ជួយ​ជម្រុញ​ឲ្យ​មាន​​ក្តី​ក្លាហាន​ ហ៊ាន​ពុះពារ​រាល់​ឧបសគ្គ​ជាង​ការ​កំណត់​គោល​បំណង​តូច​ ៕
    ៦/​មេដឹកនាំ​តែង​ក្រឡេក​មើល​អ្វី​ដែល​គេ​បាន​ទទួល​និង​សម្រេច​ ថា​តើ​បាន​ប៉ុន្មាន​ហើយ​ ជំនួស​​ពី​​ការ​មើល​ឆ្ពោះ​ទៅមុខ​ក្នុង​ក្តី​ស្រមៃ​មាន​ប៉ុន្មាន​: ទាំង​នេះ​បាន​បញ្ជាក់​ពី​គោលបំណង​ ប្រសិន​បើ​អ្នក​មើល​ទៅ​​មុខ​ តើមា​នអ្វី​ប៉ុន្មាន​ ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ដល់​គោល​ដៅ​របស់​អ្នក​ អ្នក​នឹង​មិនអា​ចឈា​ន​ជើង​ដល់​​គោលដៅ​របស់​អ្នក​ឡើយ​ ។ អ្នក​នឹង​បោះបង់​វា​ចោល​មិន​ខាន​ឡើយ​ ។ ពេល​ដែល​អ្នក​ផ្តោត​លើ​អ្វី​​ដែល​អ្នក​មាន​បាន​ធ្វើ​ អ្នក​នឹង​កើត​វិថីគតិ​អវិជ្ជមាន​ អ្នក​អស់​កម្លាំង​​និ​ង​បាក់​ទឹក​ចិត្ត​ (សូម​អាន​បន្ថែម​: “យុទ្ធសាស្រ្ត​ត្រី​កោណ​ ដើម្បី​ជោគ​ជ័យ​លើ​ជំងឺ​ដួង​ចិត្ត​” ។ ប្រសិន​បើ​ អ្នក​ចង់​​បាន​​អ្នក​អ្វី​មួយ​ ដែល​អ្នក​គ្មាន​នោះ​ អ្នក​ត្រូវ​តែ​បង្កើត​អារម្មណ៍​ចង់​បាន​វា​ភ្លាម​ ។ ប្រសិន​បើ​ អ្នក​មើល​​ទៅ​ខាង​ក្រោយ​ ថា​តើ​អ្វីខ្លះ​ដែល​អ្នក​បាន​បំពេញ​រួចរាល់​ហើយ​ អ្នក​នឹង​មាន​អារម្មណ៍​ ដោយសារ​តែ​​ អ្នក​វិថីវិជ្ជមាន​មួយ​ថា​៖ “វា​នឹង​ក្លាយ​ជា​ការណ៍​ពិត​” ។​ មេដឹកនាំ​បាន​ជ្រាប​ច្បាស់​ពី​រឿង​ហ្នឹង​ ហើយ​ព្យាយាម​​ប្រាប់​ដល់​ក្រុម​របស់​គាត់ ពី​ការងារ​ដែល​បាន​សម្រេច​៕
          ៧/​​មេដឹកនាំ​​តែង​​មាន​​ទស្សនវិស័យ​​វែង​ឆ្ងាយ​​ មិនមែន​​ត្រឹម​​តែ​​ឥឡូវ​នេះ​​ទេ​​ តែ​​អនាគត​​: ពាណិជ្ជករ​និង​​អ្នក​​សេដ្ឋកិច្ច​ ឬ​ ឈ្មួញ​ណា​ក៏​ដោយ​ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​ហើយ​ តែង​មើល​ឃើញ​នូវ​ភាព​​ជោគ​ជ័យ​របស់​ខ្លួន​និង​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​រក​វា​ ដោយ​ជម្នះ​នូវ​រាល់​ឧបសគ្គ​នានា​ ។ អ្វី​ដែល​មាន​នៅ​ពេល​​ហ្នឹង​ ជា​កាំ​ជណ្តើរ​ទៅ​អនាគត​ប៉ុណ្ណោះ ​៕
​         ៨/មេដឹកនាំ​តែង​ចាត់​ទុក​គ្រប់​ព្រឹត្តិការណ៍​នានា​និង​ឧបសគ្គ​គ្រប់យ៉ាង​ ជា​ផ្លូវ​វិជ្ជមាន​: មេដឹកនាំ​មើល​ឃើញ​​គ្រប់​​ស្ថាន​ភាព​ទាំង​អស់​ ថា​មាន​ប្រយោជន៍​ ទោះបីជា​វា​មើល​ហាក់ដូច​ជា​មិន​អំណោយ​ផល​ក៏​ដោយ​​ ។​​ គ្រប់​ឧបសគ្គ​និង​បរាជ័យ​ទាំងអស់​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​​៖ “វា​គ្រាប់​ពូជ​ជោគ​ជ័យ​មួយ​ ដែល​​មាន​ពន្លក​ដ៏​ស្រស់​” ។ ជីវិត​យើង​ជា​សង្វាក់​របស់​ជម្រើស​ ។ យើង​គ្មាន​ជម្រើស​ជ្រើស​រើស​យក​​ស្ថានភាព​និង​ព្រឹត្តិការណ៍​នានា​ ដែល​កើត​ឡើង​ចំពោះ​យើង​ តែ​យើង​មាន​ជម្រើស​ជ្រើស​យក​​វិធីសាស្រ្ត​ក្នុង​ការ​ធ្វើ​ប្រតិកម្ម​លើ​វា​បាន​ ។ ប្រសិនបើ​​ យើង​ប្រតិកម្ម​បែប​វិជ្ជមាន​ ស្ថានភាព​អវិជ្ជមាន​​នឹង​​ទៅ​ជា​វិជ្ជមាន​​​ដោយ​ស្វ័យប្រវត្តិ​ តែ​ បើសិន​ជា​ យើង​ប្រតិកម្ម​បែប​អវិជ្ជមាន​ វា​នឹង​ទៅ​ជា​អវិជ្ជមាន​ ដោយ​ស្វ័យប្រវត្តិ​ភា្លម​ ៕

សន្និដ្ឋាន​កថា

ចូរគិតថា​៖ “គ្រប់​ឧបសគ្គ​និង​បញ្ហា​ទាំងអស់​ ជា​ស្ថានភាព​និង​ជា​ព្រឹត្តិការណ៍​ដែល​គួរ​​ឲ្យ​​ចាប់​​អារម្មណ៍​ ហើយ​ចាប់​ផ្តើម​ដោះ​ស្រាយ​វា​ តាម​វិធីសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ តាម​ដំណាក់​កាល​” ។ ដើម្បី​ក្លាយ​ជា​បុគ្គល​ដែល​ស្ថិត​ក្នុង​ការ​គិត​បែប​មេ​ដឹក​នាំ អ្នក​ត្រូវ​ចាប់​ផ្តើម​គិតនិង​និយាយ​ថា​៖ “យើង​​បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​រំភើប​មួយ​” ។ “យើង​ត្រូវ​តែ​បន្ត​ធ្វើ​ឲ្យ​មា​ន​ដំណើរ​ការ​វិញ​(បន្តទៀត​)” ។ “ស្ថានភាព​ហ្នឹង​ស្ថិត​នៅ​ធម្មតា​ តោះ​! រក​វិធីសាស្ត្រ​​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ស្រាយ​វា​ចេញ​ “ ។ “ខ្ញុំ​ចង់​រស់​ត​ទៀត​ ដើម្បី​ថ្ងៃ​ថ្មី​ ថ្ងៃ​មាន​រស្មី​”  ។ “ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ​អាយុ​របស់​ខ្ញុំ​ វា​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ”  ។ល។  គំនិត​ទាំង​ហ្នឹង​ សុទ្ធតែ​ជាគំនិត​វិជ្ជមាន ៕៚៚៚

 ដោយ: ម៉ៃ រ៉ាម

No comments: